សូមស្វាគមន៍ការចូលទស្សនាវិបសាយ
.........

សាលាក្តី​​ខ្មែរ​​ក្រហមៈ កំហឹង​របស់​ជន​រង​​គ្រោះ​កាន់​តែ​ខ្លាំង​ឡើង តាម​រយៈ​ជម្លោះ​​មួយ​​ជាមួយ​​មេធាវី​ការពារក្តី

.............អង្គបុរេជំនុំជម្រះនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) បានបើកសវនាការជាសាធារណៈ នៅថ្ងៃព្រហស្បតិ៍ ទី៤ ខែធ្នូ
លើបណ្តឹងឧទ្ធរណ៍របស់ក្រុមមេធាវីការពារក្តីលោកខៀវសំផនប្រឆាំងសេចក្តីសម្រេចរបស់សហចៅក្រមស៊ើបអង្កេតដែលបានបដិសេធសំ
ណើសុំការបកប្រែជាភាសាបារាំងនិងអង់គ្លេសនៅក្នុងសំណុំរឿងព្រហ្មទណ្ឌរបស់អតីតប្រមុខរដ្ឋកម្ពុជាប្រជាធិបតេយ្យរូបនេះ។ សន្និសីទ
សារព័ត៌មានមួយដែលរៀបចំធ្វើឡើងបន្ទាប់ពីសវនាការបានបង្កើតជាបរិយាកាសជម្លោះដ៏ខ្លាំងក្លាមួយរវាងជនរងគ្រោះមួយរូបនិងមេធាវី
ជនជាតិកម្ពុជារបស់លោកខៀវ សំផនដែលព្រឹត្តិការណ៍នេះបានបង្កអោយមានកំហឹងផ្ទុះឡើងពីសំណាក់ជនរងគ្រោះមួយចំនួន។

......គោលជំហររបស់មេធាវីការពារក្តី
...................សហមេធាវីរបស់ លោកខៀវសំផនមិនចង់ដំណើរការបន្តនៅក្នុងនីតិវិធីនេះនោះទេព្រោះពួកគាត់បានវាយតម្លៃថាសិទ្ធិរបស់កូន
ក្តីពួកគាត់ត្រូវបានរំលោភបំពាន។សហមេធាវីបារាំងលោកវ៉ែហ្សែសបានរម្លឹកជុំវិញបញ្ហានេះថា «ឯកសារជាភាសាខ្មែររាប់ពាន់ច្បាប់ (ប្រហែល៦០ ០០០ច្បាប់)
មិនត្រូវបានបកប្រែ»។ ប៉ុន្តែលោកបានលើកឡើងម្តងទៀតថា «គេប្រាប់យើងថាផ្នែកខ្លះត្រូវបានបកប្រែជាភាសាបារាំង និងភាសាអង់គ្លេស»។
ប៉ុន្តែ បើតាមគំនិតរបស់លោកមេធាវី មានចំនួនតិចជាង១០% នៃឯកសារទាំងអស់។ «ខ្ញុំមិនអាចផ្លាស់ប្តូរសហមេធាវីរបស់ខ្ញុំ(មេធាវីជនជាតិកម្ពុជា)
មកជាអ្នកបកប្រែផ្ទាល់មាត់វិញនោះទេ។គាត់មានការងារផ្សេងត្រូវធ្វើ!»។

លោកមេធាវី វ៉ែហ្សែស បានបញ្ជាក់បន្ថែមដោយប្រើពាក្យសំដីធ្ងន់ៗ ក្នុងចេតនាបង្កជម្លោះថា «គេនិយាយប្រាប់យើងថា លោកអាចស្នើសុំការបក
ប្រែឯកសារផ្សេងទៀតប៉ុន្តែគឺចង់សើចចំអកអោយយើងតើស្នើសុំជ្រើសរើសអត្ថបទដែលគេមិនអាច អានបានយ៉ាងដូចម្តេច ទៅ!»។ លោកក៏បាន
បដិសេធករណីយុត្តិសាស្រ្តនៅក្នុងតុលាការព្រហ្មទណ្ឌអន្តរជាតិផ្សេងទៀត ដែលត្រូវបានរៀបរាប់ដោយសហព្រះរាជអាជ្ញា នៅក្នុងសវនាការព្រោះ
យុត្តិសាស្រ្តនោះគឺជាករណីផ្សេងពោលគឺត្រូវបានយកទៅអនុវត្តនៅក្នុងនីតិវិធីបែបអង់គ្លេស ចំណែកនៅទីនេះ នីតិវិធីស៊ើប អង្កេតជាលក្ខណៈបារាំងនិងកម្ពុជា»។

លោកវ៉ែហ្សែសបានអះអាងថាលោកយល់ព្រម «សហការ»តាមការអំពាវនាវរបស់សហព្រះរាជអាជ្ញាប៉ុន្តែប្រសិនជាគេផ្តល់មធ្យោបាយសហការ ដល់គាត់។លោកបានបន្តុះបង្អាប់ចំពោះអប្រសិទ្ធភាពរបស់តុលាការខ្មែរក្រហមនិងបានចោទសួរខ្លួនឯងអំពីការប្រើប្រាស់ហិរញ្ញប្បទាន ជាពិសេស
ជំនួយរបស់ប្រទេសបារាំង («ជិត៥លានដុល្លារ!») ។ លោកក៏បានរិះគន់ផងដែរ ចំពោះការគំរាមកំហែងលើរូបគាត់ ពីសំណាក់អយ្យការ។ គាត់យកដៃទះតុដោយនិយាយឌឺដងដាក់សហព្រះរាជអាជ្ញាអោយប្តឹងគាត់។ជាមួយនឹងការបញ្ចេញកំហឹងរបស់ខ្លួនដែលបានធ្វើអោយគាត់និយាយ
ឡិបឡុបលោកមេធាវីបានប្រកាសប្រាប់សហព្រះរាជអាជ្ញាថាបើសិនជាពួកគេហ៊ានប្តឹងគាត់នោះពួកគេនឹងមាន«កេរ្តិ៍ឈ្មោះល្បី»។

លោកក៏បានរិះគន់អង្គបុរេជំនុំជម្រះផងដែរដែលបានស្នើអោយលោកខៀវសំផនបញ្ឈប់ការងាររបស់មេធាវីជនជាតិបារាំង៖ «តុលាការមួយដែល
ណែនាំអោយកូនក្តីម្នាក់ផ្លាស់ប្តូរមេធាវីមិនធ្លាប់មានពីមុននោះទេនៅប្រទេសបារាំងនៅក្នុងប្រវត្តិសាស្រ្តរយៈពេល១៤សតវត្សនេះ»។

......ជម្លោះពាក្យសំដីរវាងដើមបណ្តឹងរដ្ឋប្បវេណីនិងមេធាវី

...................នៅចំពោះមុខអង្គជំនុំជម្រះសាលាដំបូង ដែលបានស្នើសុំអោយលោកទុកឱកាសដល់សហព្រះរាជអាជ្ញាឡើងនិយាយ លោកមេធាវីវ៉ែហ្សែស បានបន្តឹងសរសៃក បញ្ចេញសម្លេងខ្លាំងៗ ដោយ ព្យាយាមបង្ករឿងជាមួយចៅក្រមដែលអង្គុយរង់ចាំវេនឡើងបញ្ចេញមតិយ៉ាងអត់ធ្មត់នៅក្នុងសវនាការ។

«គឺនៅពេលនោះហើយ ជនរងគ្រោះមួយរូបបានបាត់បង់ចិត្តអំណត់របស់ខ្លួន។ ដោយសារទើបតែឈឺចាប់នឹងពាក្យសំដីរបស់លោកខៀវ សំផន (ស្ថិតនៅក្នុងវ័យ៧៧ឆ្នាំ លោកខៀវ សំផន ដែលត្រូវចោទប្រកាន់ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ បានបញ្ជាក់នៅក្នុងសវនាការថា លោកបានធ្វើអំពើល្អ សម្រាប់ប្រទេសជាតិរបស់លោក) ស្រ្តីម្នាក់នោះបានចាប់ផ្តើមវាយប្រហារលើមេធាវី។ នេះមិនមែនជាការប្រឈមមុខដាក់គ្នា ដែលយើងត្រូវការនោះទេ។ យើង ជាជនរងគ្រោះ យើងយល់ការពិតនៃប្រវត្តិសាស្រ្ត និងបានប្រាប់សារព័ត៌មានអំពីការទទួលរងគ្រោះដែលបានធ្លាប់បានជួបប្រទះនៅសម័យខ្មែរក្រហម ហើយចង់ដឹងថាតើមនុស្សប៉ុន្មាននាក់ ត្រូវបានសម្លាប់! អេ លោកអ៊ុំ(មេធាវីរបស់លោកខៀវ សំផន)! កុំអាលរត់ទៅណា ខ្ញុំចង់សួរលោកមួយសំណួរ!»។ លោកមេធាវី សរ សូវាន មានប្រតិកម្មតបតវិញថា «កុំប្រើភាសាថា រត់។ បើទោះបីជាលោកខៀវ សំផនសម្លាប់មនុស្ស ខ្ញុំអត់ទទួលខុសត្រូវទេ!» ស្រ្តីរូបនោះនិយាយទាំងអួលដើមកថា «ខ្ញុំមិនបាននិយាយថាលោកអ៊ុំកំពុងរត់នោះទេ។ ខ្ញុំគ្រាន់តែសុំអោយលោកនៅទីនេះបន្ត! ឪពុកម្តាយរបស់ខ្ញុំស្លាប់នៅសម័យខ្មែរក្រហម ចុះហេតុអី លោកការពារគាត់ (ខៀវ សំផន)!!!»។ មេធាវីកម្ពុជាបានឆ្លើយវិញថា «ឪពុកម្តាយខ្ញុំ ក៏ស្លាប់ដែរ»។ ការប៉ះទង្គិចពាក្យសំដីរវាងអ្នកទាំងពីរកាន់តែធ្ងន់ធ្ងរទៅៗ រហូតដល់កងកម្លាំងសន្តិសុខចុះជួយអន្តរាគមន៍ ដើម្បីបញ្ចប់ជម្លោះនេះ។

......អំណះអំណាងរបស់អយ្យការ
...................ដល់ពេលសហព្រះរាជអាជ្ញាត្រូវឡើងបញ្ចេញមតិ ភ្លាមនោះ លោក វីលៀម ស្មីត បានបញ្ជាក់ថា «សហព្រះរាជអាជ្ញាមិនចង់រៀបចំការជំនុំជម្រះ តាមរយៈប្រព័ន្ធសារព័ត៌មាននោះទេ ប៉ុន្តែ ចង់អោយសវនាការប្រព្រឹត្តទៅតាមរយៈប្រព័ន្ធតុលាការ»។ បន្ទាប់មក លោកបានបកស្រាយថាអយ្យការមិនបានគំរាមកំហែងលើមេធាវីការពារក្តី ដើម្បីអោយផ្លាស់ប្តូរមេធាវីនោះទេ ដោយលើកយកអ្នកដែលបានចូលរួមនៅក្នុងសវនាការនេះទាំងអស់គឺជាសាក្សី។

សហព្រះរាជអាជ្ញាបានវាយតម្លៃថាបណ្តឹងឧទ្ធរណ៍របស់មេធាវីការពារក្តីមានបំណងពន្យឺតនីតិវិធីតុលាការ។ នៅក្នុងសវនាការ សហព្រះរាជអាជ្ញាបានវាយតម្លៃ «ក្រុមមេធាវីការពារក្តីមានសមត្ថភាព» ដើម្បីអាចចូលរួមនីតិវិធី និងបានស្នើសុំអោយមានការសហការ ជាមួយតុលាការ»។

ដោយឡែក លោកវីលៀម ស្មីត បានកែសម្រួលពាក្យសំដីមួយចំនួនរបស់មេធាវីវ៉េហ្សែស ដោយបានគូសបញ្ជាក់ថា នៅក្នុងសំណុំរឿងរបស់លោកខៀវ សំផន «មានឯកសារចំនួនត្រឹមតែ៣០០០ ប៉ុណ្ណោះ មិនមែន៦០ ០០០នោះទេ»។ ចំណែករឿងសុំអោយជ្រើសរើសអត្ថបទបកប្រែ លោកបានស្នើមេធាវីការពារក្តីអោយជ្រើសរើសឯកសារណា ដែលទាក់ទងនឹងសំណុំរឿង និងជាភាសាផ្លូវការនៅក្នុងសាលាក្តី គឺភាសាខ្មែរ បារាំង និងអង់គ្លេស។ លោកក៏បានរម្លឹកផងដែរថាមេធាវីការពារក្តីធ្លាប់ «មានចេតនាបដិសេធ មិនត្រូវការអ្នកបកប្រែពេញម៉ោងម្នាក់ ដែលតុលាការបានផ្តល់អោយ»។

......ជនរងគ្រោះនិយាយថាបាត់បង់ជំនឿទុកចិត្តលើតុលាការ
...................ជាចុងក្រោយ ជនរងគ្រោះ១០នាក់ ដែលភាគច្រើន ជាដើមបណ្តឹងរដ្ឋប្បវេណីនៅក្នុងតុលាការខ្មែរក្រហម ដែលពាក់អាវយឺតមួយ សរសេរថា «ខ្ញុំជាដើមបណ្តឹងរដ្ឋប្បវេណី» ក៏បានចូលអង្គុយ។ អ្នកឡើងមកនិយាយមុនគេម្នាក់បានទទូចសុំថា«អត់ទោសលោក មិនត្រូវលេងសើចជាមួយអ្នកស្លាប់ជាង១,៧លាននាក់នោះទេ!»។ ជនកំព្រាឪពុកម្តាយ គ្មានការសិក្សា ហើយអនាគតត្រូវរស់នៅក្នុងភាពក្រីក្ររូបនេះ បានគំរាមសុំអោយសមាជិកក្រុមភេរវករឥស្លាម អាល់ កៃដា មក «ធ្វើការងារ» ប្រសិនជាតុលាការមិនផ្តល់យុត្តិធម៌អោយគាត់។

មនុស្សជាច្រើន បានបញ្ចេញកំហឹងរបស់ពួកគេ ចំពោះឥរិយាបថ«មិនអាចទទួលយកបាន» របស់លោកមេធាវី សរ សូវាន ហើយបានអំពាវនាវសុំអោយតុលាការលុបចោលតួនាទីរបស់គាត់។ ដោយឡែក មនុស្សម្នាក់ផ្សេងទៀត បានវាយតម្លៃថាមេដឹកនាំខ្មែរក្រហមអាចត្រូវចោទប្រកាន់ ប៉ុន្តែគាត់មិនជឿថាមានមនុស្សតែប្រាំនាក់ប៉ុណ្ណោះ ដែលអាចទទួលខុសត្រូវលើឧក្រិដ្ឋកម្មដែលបានកើតមានឡើងនៅសម័យកម្ពុជាប្រជាធិបតេយ្យ។

អ្នកទាំងនោះបានបង្ហាញឆន្ទៈរួមថា ទំនុកចិត្តរបស់ពួកគេចំពោះអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) កាន់តែថយចុះបន្តិចម្តងៗ ដោយសារតែកាលកំណត់មិនច្បាស់លាស់ អំពើពុករលួយ ការខ្វះខាតធនធានគ្រប់គ្រាន់ និងការខ្វះខាតព័ត៌មានស្តីពីការវិវត្តន៍ របស់សាលាក្តីខ្មែរក្រហម។ ដូច្នេះ ពួកគាត់បានដាក់សំពាធតុលាការ អោយពន្លឿននីតិវិធី ព្រោះជនត្រូវចោទ និងជនរងគ្រោះកាន់តែមានវ័យចំណាស់ទៅៗ។

អង្គបុរេជំនុំជម្រះនឹងចេញសេចក្តីសម្រេចរបស់ខ្លួន ដោយមិនបានបញ្ជាក់ពីកាលបរិច្ឆេទទេ។